ពត៌មានជាតិ/ English
កម្ពុជាបានរៀបចំពិធីទទួលស្វាគមន៍វត្ថុបុរាណខ្មែរចំនួន៧០រូបដែលបានវិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតរយៈពេលជាច្រើនឆ្នាំដែលបង្កឡើងដោយសង្គ្រាម អំពើចោរកម្ម និងការជួញដូរដោយខុសច្បាស់ទៅក្រៅប្រទេស។
ការវិលត្រឡប់មកវិញនៃដួងព្រលឹងខ្មែរនេះ គឺជាលទ្ធផលកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្រោមកិច្ចសហការជាមួយនឹងភាគីពាក់ព័ន្ធស្ថាប័នរដ្ឋ ឯកជន អ្នកជំនាញជាតិ-អន្តរជាតិ ព្រមទាំងជាមួយបណ្ដាប្រទេសនានា ជាពិសេសរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូយ៉ក ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញាសង្កាត់ម៉ាន់ហាថាន។
ក្នុងពិធីទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់មកកម្ពុជានៅភ្នំពេញពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា វត្ថុបុរាណខ្មែរដែលកម្ពុជាបានទទួលការវិលត្រឡប់មកវិញវត្ថុបុរាណខ្មែរ៧០រូបពីសហរដ្ឋអាមេរិក ដែលជាមរតកជាតិដែលមានតម្លៃពុំអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជាជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធម៌ទាំងនេះ។
លោកថា ក្នុងចំណោមវត្ថុបុរាណខ្មែរទាំងនោះ គឺវត្ថុបុរាណខ្មែរ១៤រូបបានប្រគល់ត្រឡប់មកវិញដោយសារមន្ទីរ Metropolitan Museum of Art នៅក្រុងញូយ៉ក និង៥៦រូបទៀតបានប្រគល់មកវិញពីការកាន់កាប់សមុច្ច័យឯកជននានានិងពីការរឹបអូសដោយសមត្ថកិច្ចអាមេរិក។
ក្នុងចំណោមវត្ថុបុរាណខ្មែរនោះ រួមមានបដិមាសំខាន់ៗក្នុងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនានៅសម័យមុនសម័យអង្គររវាងសតវត្សរ៍ទី៧ និងសម័យអង្គររវាងសតវត្សរ៍ទី៩និងទី១៣នៃគ.ស. ជាពិសេសបដិមាថ្មដ៏ប្រណិត ដូចជាបដិមាទេពនៃទេវកថាមហាភារតៈ ព្រះឥសូរ នាងឧមា និងព្រះអឌ្ឍនារីស្វរៈមកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិររបស់ព្រះលោកេសូរដែលបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួននៅសារមន្ទីរជាតិភ្នំពេញ។
លោកបានបញ្ជាក់ថា មូលហេតុដែលវត្ថុបុរាណខ្មែរជាច្រើនបានបាត់ចេញពីប្រទេសដោយសារតែសង្គ្រាមនៅក្នុងប្រទេស។ ប្រសិនបើប្រទេសជាតិមានសុខសន្តិភាព ម៉្លេះចោលមិនអាចលួចវត្ថុបុរាណទាំងនេះចេញទៅក្រៅប្រទេសបានទេ។
លោកបាននិយាយថា៖ «ការទទួលវត្ថុបុរាណខ្មែរទាំងនេះត្រឡប់មកវិញ ជានិមិត្តរូបការជួបជុំគ្នានៃព្រលឹងបុព្វបុរសខ្មែរដែលតែងតែស្ថិតនៅជាប់ជាមួយប្រជាជាតិនិងប្រជាជនកម្ពុជាជានិច្ច»។
លោកបន្ថែមថា សមិទ្ធផលនេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាខ្ពស់របស់រដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសនានា ព្រមទាំងសហគមន៍អន្តរជាតិក្នុងយុទ្ធនាការសាកលដើម្បីប្រយុទ្ធប្រឆាំងអំពើចោរកម្មការចរាចរ និងការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់។
លោកបន្តថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបំពេញការងារយ៉ាងយកចិត្តទុកដាក់បំផុតក្នុងយុទ្ធនាការនេះ ទាំងការស្រាវជ្រាវ ការប្រមូលភស្ដុតាង និងសម្របសម្រួលការចរចានិងកិច្ចសហប្របត្តិការជាមួយប្រទេសនានា។
លោកបានលើកឡើងថា កិច្ចការអភិរក្សសម្បត្តិបេតិកភណ្ឌជាតិ គឺជាកិច្ចការអាទិភាពមួយរបស់រដ្ឋាភិបាល ពិសេសនៅក្នុងអាណត្តិទី៧នេះ រដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ចំពោះការអភិរក្សសម្បត្តិបេតិកភណ្ឌជាតិ ហើយកំពុងខិតខំទាមទារមកវិញនូវវត្ថុបុរាណខ្មែរដែលបាត់បង់ទៅបរទេស និងខិតខំចុះបញ្ជីសម្បត្តិបេតិកភណ្ឌជាតិទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាដើម។
លោកបន្ថែមថា កម្ពុជានៅតែស្រាវជ្រាវជាបន្តបន្ទាប់ដើម្បីស្វែងរកវត្ថុបុរាណខ្មែរដែលបានបាត់បង់ទៅពីបណ្ដាប្រទេសជាមិត្តនានាបន្ថែមទៀត។ ជាមួយនឹងគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងរៀបចំបញ្ជូនវត្ថុបុរាណខ្មែរសរុបចំនួន៧៦រូបបន្ថែមទៀតពីចក្រអង់គ្លេសដែលបានប្រគល់ដោយគ្រូសាររបស់ Douglas Latchford ដោយអនុលោមតាមកិច្ចព្រមព្រៀងកាលឆ្នាំ២០២០។
លោកបានអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរបន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្តជូនមកកម្ពុជាវិញ ព្រោះថាការប្រគល់វត្ថុបុរាណខ្មែរមកកម្ពុជាដែលជាម្ចាស់ដើមវិញ គឺជាកាយវិការដ៏ថ្លៃថ្លានិងគួរគោរព ដែលមិនត្រឹមតែបង្ហាញពីក្រមសីលធម៌ចូលរួមលើកតម្លៃវប្បធម៌នៃជាតិសាសន៍មួយ ប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកដ៏ឧត្ដុង្គឧត្តមក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិផងដែរ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ សម្បត្តិវប្បធម៌ខ្មែរបានបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់តាមរយៈការចរចា តាមផ្លូវតុលាការ និងវត្ថុវប្បធម៌ខ្មែរមួយចំនួនទៀតបានប្រគល់ជូនដោយស្ម័គ្រចិត្ត។ ក្នុងនោះវត្ថុបុរាណខ្មែរធ្វើអំពីថ្មនិងលោហធាតុ១០៦រូបនិងគ្រឿងអលង្ការ៧២គ្រឿងបានប្រគល់មកកម្ពុជាវិញដោយគ្រួសារលោក Douglas Latchford នៅចក្រភពអង់គ្លេសក្នុងរវាងឆ្នាំ២០២១-២០២៤។
ចំណែកវត្ថុបុរាណខ្មែរធ្វើអំពីថ្មនិងលោហធាតុ១០៤រូបផ្សេងទៀតបានប្រគល់មកកម្ពុជាវិញដោយការរឹបអូសបានពីសមត្ថកិច្ចសហរដ្ឋអាមេរិកនិងតាមរយៈការប្រគល់ដោយស្ម័គ្រចិត្តមកកម្ពុជាវិញដោយមានកិច្ចសហការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងរវាងឆ្នាំ២០២២-២០២៤ ។
ក្រសួងកំពុងបន្តស្រាវជ្រាវ ប្រមូលភស្ដុតាង និងសហការជាមួយនឹងប្រទេសនានាក្នុងដំណើរការចរចានិងទាមទារវត្ថុបុរាណជាច្រើនទៀត ដើម្បីបញ្ជូនមកកាន់មាតុប្រទេសវិញ។
លោកស្រីថា បន្ថែមពីលើលទ្ធផលកន្លងមក ពេលនេះប្រជាជាតិកម្ពុជាបានចូលរួមអបអរសាទរនិងទទួលស្វាគមន៍ចំពោះការវិលត្រឡប់វត្ថុបុរាណខ្មែរចំនួន៧០រូបមកវិញពីសហរដ្ឋអាមេរិក។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាពីម្សិលមិញបានចេញសេចក្ដីប្រកាសព័ត៌មានអបអរសាទរការវិលត្រឡប់វត្ថុបុរាណពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ។
គិតមកដល់ពេលនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្របសម្រួលការបញ្ជូនវត្ថុបុរាណខ្មែរចំនួនជាង១៥០រូបត្រឡប់មកវិញ។ ក្នុងនោះរួមមានព្រះគណេសជាដំរីព្រះក្នុងសាសនាហិណ្ឌូ និងរូបចម្លាក់ព្រះស្កន្ធគង់លើក្ងោកជារចនាបទសតវត្សទី១០ ដែលរូបចម្លាក់ទាំងពីរនេះត្រូវបានដាក់តាំងនៅសារមន្ទីរជាតិនៅរាជធានីភ្នំពេញ។
តាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ការប្រគល់វត្ថុបុរាណទាំងនេះអាចធ្វើទៅបានក្រោមអនុស្សរណៈយោគយល់គ្នាផ្នែកសម្បត្តិវប្បធម៌រវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក ដែលប្រទេសទាំងពីរបានចុះហត្ថលេខាបន្តនៅឆ្នាំ២០២៣ សម្រាប់រយៈពេល៥ឆ្នាំបន្ថែមឆ្នាំទៀត៕