ការជីកកំណាយប្រទះឃើញចម្លាក់ទ្វារបាលធំមួយនៅប្រាសាទបន្ទាយប្រី

 វប្បធម៌ 

ចម្លាក់បដិមាទ្វារបាលយក្ស ចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញនៅទិសខាងកើតរបស់ខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី ខណៈពេលដែលក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា រៀបចំគំនរថ្មរាយប៉ាយ និងសម្អាតកំណកដី។

បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា លោក ជា សារិទ្ធ បានឱ្យដឹងថា បដិមាទ្វារបាល ដែលប្រទះឃើញនេះ គឺស្ថិតនៅខាងស្តាំដៃផ្លូវចូលទិសខាងកើតខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី កប់ក្រោមគំនរថ្ម និងកំណកដីប្រមាណជា៨តឹក។ តាមការសន្និដ្ឋានរបស់លោក សារិទ្ធ ការដួលរលំនេះ អាចបណ្តាលមក​ពីការដួលរលំរបស់រចនាសម្ពន្ធខាងលើនៃខ្លោងទ្វារនេះ។ ទោះបីយ៉ាងណា ក៏បដិមានេះ នៅតែរក្សាបាននូវរូបរាងល្អ​ស្ទើរតែពេញលេញ។

មន្ត្រីនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ស្ថានភាពនៃបដិមាទ្វារបាលនេះ គឺដួលដេកក្បាលទៅទិសខាងលិច ហើយដងខ្លួននៃបដិមានេះ បាក់ជា៦បំណែក ដែលបាក់នៅត្រង់ក ដើមដៃផ្នែកខាងឆ្វេង ចង្កេះ និងក្រោមជង្គង់នៃជើងទាំង២ និងផ្នែកដែលបាត់បង់ គឺដំបង។ ចម្លាក់បដិមាទ្វារបាលនេះ គឺស្ថិតក្នុងរចនាប័ទ្មបាយ័ន មានកម្ពស់ប្រមាណ១,៦០ម៉ែត្រ៕


Post a Comment

Previous Post Next Post

Recent in Technology